ការពិត
ព័ត៌មានអំពីការជួញដូរសាច់ឆ្កែ និងឆ្មា នៅអាស៊ីអាគ្នេយ៍
ការជួញដូរសាច់ឆ្កែ និងឆ្មា គឺជាបញ្ហាចម្បងមួយដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពសត្វ ។ ការជួញដូរនេះនាំឲ្យមានការប្រព្រឹត្តទង្វើឃោរឃៅទៅលើសត្វប្រមាណជាង ៣០លានក្បាលក្នុងមួយឆ្នាំនៅអាស៊ី រួមទាំងសត្វឆ្កែប្រមាណ ១០លានក្បាល និងឆ្មាពីរបីលានក្បាលដែលគិតតែនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។ តាមរបាយការណ៍ស៊ើបអង្កេតបានបង្ហាញពីភាពព្រៃផ្សៃនៅគ្រប់ដំណាក់កាលនៃអំពើជួញដូរសាច់ឆ្កែ និងឆ្មា រួមមានទាំងការឃុំឃាំងសត្វ ការដឹកជញ្ជូន ការលក់ និងចុងក្រោយគឺការសម្លាប់យកសាច់។ សត្វភាគច្រើនដែលផ្គត់ផ្គង់ដល់ការជួញដូរនៅលើទីផ្សារនៅអាស៊ីអាគ្នេយ៍ គឺបានមកដោយការលួចពីគ្រួសារដែលមានសត្វចិញ្ចឹម សត្វអនាថាតាមផ្លូវ និងតាមតំបន់ភូមិជនបទ។ សត្វឆ្កែ និងឆ្មាដែលយកមកពីកន្លែងផ្សេងគ្នា ពេលវេលាខុសគ្នា ត្រូវបានគេធ្វើការជួញដូរដោយហិង្សា និងខុសច្បាប់ ដោយបន្សល់នូវសោកនាដកម្មដល់ទាំងសត្វ និងម្ចាស់របស់ពួកវា។ ការយល់ច្រឡំទូទៅមួយ គឺថាឆ្កែ និងឆ្មាត្រូវបានបង្កាត់ពូជនៅ «កសិដ្ឋាន» ពិសេស សម្រាប់តែការជួញដូរប៉ុណ្ណោះ។ ការយល់បែបនេះគឺខុសហើយ!
តាមការស៊ើបអង្កេតរបស់អង្គការ FOUR PAWS បានបង្ហាញថា នេះជាទស្សនៈយល់ច្រឡំទូទៅនៅទូទាំងអាស៊ីអាគ្នេយ៍។ ការពិតដ៏គួរឲ្យសង្វេគនោះ គឺឆ្កែ និងឆ្មាភាគច្រើនជាសត្វអនាថា ឬជាសត្វចិញ្ចឹមដែលត្រូវគេលួចដែលគេទាក់ពីគ្រួសាររបស់ពួកគេ បន្សល់ទុកទាំងទឹកភ្នែក និងការព្រួយបារម្ភដោយដឹងថា សត្វរបស់ពួកគេនឹងត្រូវគេយកទៅជួញដូរមិនខាន។