កន្លែងដែលភាពព្រៃផ្សៃកើតឡើង
ទិដ្ឋភាពទូទៅក្នុងរបរជួញដូរសាច់ឆ្កែ និងឆ្មានៅកម្ពុជា
ទោះបីជាមានជីវិតសត្វឆ្កែរហូតដល់ ៣លានក្បាល ត្រូវបានគេសម្លាប់ក្នុងមួយឆ្នាំៗក៏ដោយ ក៏ការជួញដូរសាច់ឆ្កែដ៏ឃោរឃៅនេះនៅកម្ពុជា ហាក់មានការអើពើយកចិត្តទុកដាក់តិចតួចប៉ុណ្ណោះបើប្រៀបធៀបនឹងប្រទេសដែលនៅជិតខាងដូចជាវៀតណាមដើម។ សាច់ឆ្កែនៅកម្ពុជា ត្រូវបានគេហៅថា «សាច់ពិសេស» ហើយជាទូទៅគេនិយមទទួលទានជាមួយស្រាបៀរ ឬស្រាស ក្នុងឱកាសពិសេសជួបជុំផ្សេងៗ។ មូលហេតុជំរុញឲ្យមានការបរិភោគសាច់ឆ្កែ មានកត្តាជាច្រើនខុសៗគ្នា។ ក្រៅពីបរិភោគសាច់ឆ្កែ និងឆ្មា ក្នុងឱកាសជួបជុំផ្សេងៗ មនុស្សភាគច្រើនជឿថា សាច់ឆ្កែជាថ្នាំកម្លាំង ជំនួយផ្លូវភេទ និងធ្វើឲ្យរាងកាយកក់ក្តៅនៅក្នុងអំឡុងរដូវត្រជាក់នៅកម្ពុជា។
យោងតាមការស្រាវជ្រាវលើទីផ្សាររបស់អង្គការ FOUR PAWS បានបង្ហាញនូវរបាយការណ៍គួរឲ្យភ្ជាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអ្នកឆ្លើយតបចំនួន ៥៣.៦% បានប្រាប់ថា ក្នុងជីវិតពួកគាត់ធ្លាប់បរិភោគសាច់ឆ្កែ (៧២.៤% ជាបុរស និង ៣៤.៨% ជាស្ត្រី)។ នៅក្នុងរាជធានីភ្នំពេញ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការ FOUR PAWS បានទៅកាន់ហាងលក់សាច់ឆ្កែចំនួន១១០កន្លែង ក្នុងនោះហាងភាគច្រើនទើបតែចាប់ផ្តើមបើកក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយប៉ុណ្ណោះ ដោយសារតែមុខរបរជួញដូរនេះមានការកើនឡើងជាបន្តបន្ទាប់។
ទស្សនវិស័យរបស់យើង
ទស្សនវិស័យរបស់យើង គឺបញ្ចប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍ (កម្ពុជា វៀតណាម និង ឥណ្ឌូណេស៊ី)។ គោលដៅសំខាន់ចុងក្រោយរបស់យើងគឺ៖
- លុបបំបាត់ការលួចឆ្កែ និងឆ្មា ដើម្បីយកសាច់ និងការជួញដូរ
- ឲ្យសាធារណជន និងរដ្ឋាភិបាល យល់ដឹងថា សាច់ឆ្កែជាប្រភពបង្កហានិភ័យជំងឺឆ្កែឆ្កួត
- សហគមន៍នាំគ្នាក្រោកឈរប្រឆាំងនឹងរាល់អំពើលួច និងការជួញដូរសត្វចិញ្ចឹម
- លុបបំបាត់ឲ្យលែងមានតម្រូវការបរិភោគសាច់ឆ្កែ និងឆ្មា
ការជួញដូរសាច់ឆ្កែ និងឆ្មា ជាទង្វើក្បត់គោលការណ៍យ៉ាងធ្ងន់ធ្ងរចំពោះសត្វដែលចាត់ទុកជាដៃគូដ៏ស្មោះត្រង់។ យើងចង់បញ្ឈប់ទុក្ខវេទនាដែលស្មានមិនដល់ចំពោះសត្វរាប់លានក្បាល ប៉ុន្តែយើងត្រូវការអ្នកជួយ។