ប្លុក៖ ការជួញដូរសាច់ឆ្កែ និងឆ្មា ជាអនាគតនៃជំងឺរាតត្បាតថ្មី?
បើគ្មានការកែប្រែ ប្រវត្តិសាស្ត្រនឹងច្រំដែល
ឆ្នាំ២០២៥ ខាងមុខ រាល់ការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ នឹងត្រូវបិទ។ អ្នកត្រូវការលិខិតអនុញ្ញាតដើម្បីធ្វើដំណើរដែលមានចម្ងាយលើសពីប៉ុន្មានរយម៉ែត្រពីផ្ទះអ្នក។ គ្រប់គ្នា នឹងត្រូវស្លៀកពាក់រឹប និងពាក់ម៉ាសជិត។ គ្រប់គ្នា នឹងត្រូវរស់នៅដាច់ឆ្ងាយពីគ្នា។ មន្ទីរពេទ្យនានា នឹងត្រូវចាំបាច់លែងទទួលការព្យាបាលបន្ទាន់ដោយសារអស់លទ្ធភាពដោះស្រាយ។ វិបត្តិគ្មានការងារធ្វើ នឹងកើនឡើងជារៀងរាល់ថ្ងៃ ដោយមនុស្សជាច្រើនបារម្ភពីអនាគតរបស់ខ្លួន។
យល់ឃើញដូចគ្នាទេ? ហេតុអ្វីបានជារឿងនេះកើតឡើងក្នុងរយៈពេលបួនឆ្នាំទៀតពីពេលនេះទៅ? ដូច្នេះ យើងគួរតែកម្ចាត់ជំងឺកូវីត១៩ ពីឥឡូវទៅ ត្រូវទេ?
យើងត្រូវតែធ្វើ ហើយពេលវេលាកន្លងទៅ ជំងឺកូវីត១៩ ប្រហែលក្លាយជារឿងមួយក្នុងអតីតកាល។ ប្រហែលជាថ្នាំវ៉ាក់សាំង ត្រូវបានរកឃើញ ហើយមានកម្មវិធីអនុវត្តជាសាកល។ ប្រហែលជាយើងចង់ត្រឡប់ទៅរកសភាព “ដូចដើម” វិញក្នុងរយៈពេលពីរឬបីឆ្នាំទៀត។ ប្រហែលជាយើងចាប់ផ្ដើមកសាងជីវិតយើងឡើងវិញបន្ទាប់ពីពិភពលោកបានបាត់បង់ជីវិតទៅអស់ជាច្រើន។ យ៉ាងណា អ្វីដែលយើងមិនបានផ្ដោតយកចិត្តទុកដាក់ គឺប្រភពនៃជំងឺរាតត្បាតដ៏ខ្លាំងក្លាផ្សេងទៀតដែលនឹងអាចកើតឡើងនាពេលអនាគត និងដំណោះស្រាយប្រភពទាំងនោះ។ យើងនៅតែបណ្ដោយឱ្យមានការជួញដូរសត្វរាប់លានក្បាលដែលចាប់មកពីតាមផ្លូវ និងផ្ទះសម្បែងទូទាំងអាស៊ីអាគ្នេយ៍។ ពួកវាត្រូវដឹកជញ្ជូនរាប់រយគីឡូម៉ែត្រកាត់ប្រទេស និងឆ្លងដែន។ ពួកវាត្រូវបង្ខាំងទុកក្នុងទ្រុងដ៏ចង្អៀតសត្វជាច្រើនទៀតដែលមិនដឹងពីស្ថានភាពសុខភាពអស់រយៈពេលរាប់សិបថ្ងៃ រង់ចាំសេចក្ដីស្លាប់ដោយការឈឺចាប់ ហើយពីដើមដល់ចប់ ពួកវាត្រូវលក់ដូរយ៉ាងឃោរឃៅ ដោយខ្វះអនាម័យ(ប្រសិនបើមាន) ហើយមានការប៉ះពាល់រវាងការជួញដូរ និងមនុស្សរាប់ពាន់នាក់ ទាំងអ្នកពាក់ព័ន្ធក្នុងការជួញដូរ និងអ្នកដែលពួកវាត្រូវប៉ះពាល់ជាមួយ។ នេះជាប្រភពនៃហានិភ័យមួយទៀតដែលមិនអាចប្រកែកបាន៖ ការជួញដូរសាច់ឆ្កែ និងឆ្មាដ៏ឃោរឃៅ។
មេរៀនបានពីការជួញដូរសត្វព្រៃ
បន្ទាប់ពីការផ្ទុះឡើងនៃជំងឺសារស៍ (SARS) នៅឆ្នាំ២០០៣ និងជំងឺកូវីត១៩ ពិភពលោកបានចាប់ផ្ដើមទទួលស្គាល់តែហាក់យឺតពេលហើយថា ផ្សារលក់សត្វព្រៃរស់ គឺជាហានិភ័យមួយដោយមិនដឹងខ្លួន ដែលផ្ដល់ប្រយោជន៍តិចតួច ប៉ុន្តែឆក់យកជីវិតមនុស្ស និងប៉ះពាល់ដល់ការរស់នៅជាច្រើន ដូចដែលយើងកំពុងឃើញស្រាប់ពេលនេះ។ ទីបំផុតយើងត្រូវចាត់វិធានការបញ្ឈប់ការជួញដូរសត្វព្រៃសម្រាប់ជាអាហារបរិភោគ ហើយជារឿងមួយចំនួនដែលយើងគួរធ្វើបានតាំងពីប៉ុន្មានទសវត្សមុនម៉្លេះ។ យ៉ាងណា យើងនៅតែបណ្ដោយឱ្យមានការជួញដូរសាច់ឆ្កែ និងឆ្មាដែលដំណើរការបានក្រោមលក្ខខណ្ឌដដែលនាំឱ្យការលេចឡើងនូវវីរុសថ្មី ហើយនៅតែបន្តមិនថមថយ។
ហេតុអ្វីបានជាផ្សារលក់សត្វរស់ទាំងនោះ បង្កហានិភ័យសុខភាពសកល? មានវីរុសរាប់លានប្រភេទនៅក្នុងសត្វ។ វីរុសភាគច្រើន ជានិច្ចកាលនៅជាមួយពូជសត្វនោះ ហើយមិនបង្កជំងឺនោះទេ។ យ៉ាងណា នៅពេលពួកវាឆ្លងពីពូជមួយទៅពូជមួយផ្សេងទៀតដូចជាមនុស្សជាដើម ពួកវាតែងមានឱកាសបង្កជាជំងឺធ្ងន់ធ្ងរ¹ ។ នេះជាអ្វីដែលបានកើតឡើងករណីជំងឺសារស៍ (SARS) ក្នុងឆ្នាំ២០០៣ ជំងឺអេបូឡា និងជំងឺដទៃផ្សេងៗជាច្រើនទៀត ហើយក៏ជាអ្វីដែលកើតឡើងស្រដៀងគ្នានេះសម្រាប់ជំងឺកូវីត១៩ដែរ។
តើវីរុសថ្មីៗអាចកើតឡើងពីការជួញដូរសាច់ឆ្កែ និងឆ្មាបានយ៉ាងដូចម្ដេច?
តើវីរុសមួយអាចផ្លាស់ទីពីពូជមួយទៅពូជមួយទៀត ហើយសម្ងំនៅដោយខ្លួនឯងបានយ៉ាងដូចម្ដេច?
តាមបទពិសោធសត្វដែលរបួសពីការចាប់ និងដឹកជញ្ជូន ដោយអត់អាហារ និងទឹក បណ្ដាលឱ្យប្រព័ន្ធការពារចុះខ្សោយ។ សត្វទាំងនេះ កាន់តែឆាប់ខ្សោយ និងងាយឆ្លងបាក់តេរីទៅក្នុងខ្លួន។ បាក់តេរី រួមមានវីរុសផ្សេងៗ ក្រោយមកក៏មានឱកាសរួមបញ្ចូលគ្នា ហើយ “បំបែកខ្លួន” កាន់តែច្រើនដោយខ្លួនវា។ វីរុសបំបែកខ្លួនកាន់តែច្រើន ជាឱកាសឱ្យវាអភិវឌ្ឍខ្លួនបង្កកំណើតកាន់តែច្រើនដើម្បីឆ្លងទៅកាន់ប្រភេទពូជផ្សេងៗទៀត។ ចំនួន និងប្រភេទសត្វកាន់តែច្រើនមកពីតំបន់ផ្សេងៗគ្នា ក៏អាចផ្ដល់ជាកន្លែងសម្រាប់បង្កពូជវីរុស“ថ្មីៗ” ² ។ សំខាន់បំផុត អ្វីដែលយើងឃើញក្នុងផ្សារលក់សត្វរស់ គឺប្រេកង់នៃការប្រមូលផ្ដុំបាក់តេរីទាំងនោះ បរិស្ថានដ៏តានតឹង ខ្វះអនាម័យ និងប្រេកង់នៃការប៉ះពាល់ផ្ទាល់ជាមួយមួយមនុស្ស ដែលបង្កជាបរិស្ថានដ៏សមស្របសម្រាប់ពពួកបាក់តេរីបម្លែងខ្លួន និងឆ្លងទៅមនុស្ស។
រូបភាពខាងក្រោមបង្ហាញអំពីស្ថានភាពមួយចំនួននៅក្នុងផ្សារលក់សត្វរស់.
មានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ពីការអះអាងនេះ។ ការលើកឡើងថា ចំនួននៃការផ្លាស់ទីកាន់តែច្រើន ដូចដែលយើងមើលឃើញក្នុងផ្សារលក់សត្វរស់ ផ្ដល់នូវលក្ខខណ្ឌល្អបំផុតដល់ការពង្រីកខ្លួន និងរក្សាលំនឹងនៃភ្នាក់ងារបង្កជំងឺដូចជាផ្ដាសាយធំ⁴ ហើយទឡ្ហីករណ៍នេះក៏អនុវត្តត្រូវគ្នាចំពោះភ្នាក់ងារបង្កជំងឺផ្សេងៗទៀតដែរ។ លក្ខណៈនៃផ្សារលក់សត្វរស់ រួមទាំងអ្នកដែលជួញដូរសាច់ឆ្កែ និងឆ្មា មានន័យថា ចំនួននៃការប៉ះពាល់របស់មនុស្សដ៏ច្រើនរួមទាំងអ្នកដែលធ្វើការក្នុងជំនួញនេះ និងអ្នកជុំវិញ នាំឱ្យមានឱកាសកាន់តែច្រើនសម្រាប់វីរុស ហើយកាលណាវាបានផ្លាស់ទីឆ្លងទៅកាន់មនុស្ស ក្រោយមកនឹងឆ្លងរាលដាល³ ។ លក្ខខណ្ឌខ្វះអនាម័យ កង្វះការថែទាំ និងកង្វះសុវត្ថិភាពការពារនៅផ្សារលក់សត្វរស់ បង្កើននូវហានិភ័យកាន់តែខ្លាំង⁵ ។
ការជួញដូរសាច់ឆ្កែ និងឆ្មាកន្លងមក នាំឱ្យកើតជំងឺចំពោះមនុស្ស ពិសេសជំងឺឆ្កែឆ្កួត និងអាសន្នរោគ ហើយនេះជាហេតុផលគ្រប់គ្រាន់ដែលត្រូវបញ្ឈប់ជំនួញនេះ។ យ៉ាងណា វាក៏បង្ហាញយ៉ាងច្បាស់ថា ការជួញដូរ ផ្ដល់នូវបរិស្ថានដ៏សមស្របក្នុងការបង្កឡើងនៃវីរុសថ្មីៗ និងជំងឺឆ្លងនានា ជាអ្វីដែលយើងបានមើលឃើញតាមរយៈការជួញដូរសត្វរស់ដទៃទៀត។
ជារៀងរាល់ថ្ងៃ យើងបណ្ដោយឱ្យជំនួញនេះបន្តពីមួយថ្ងៃទៅមួយថ្ងៃដែលយើងហាក់កំពុងយកជីវិត និងសេដ្ឋកិច្ចទៅលេងសើច។ លើកលែងពេលនេះ “ជ័យជម្នះ” មានន័យថាប្រយោជន៍សេដ្ឋកិច្ចផ្ដល់ឱ្យសម្រាប់មនុស្សមួយចំនួនតូចពាក់ព័ន្ធនឹងជំនួញនេះប៉ុណ្ណោះ ឯការខាតបង់គឺមានទំហំធំប៉ះពាល់ដល់ជីវិតរាប់ពាន់ ឬលាននាក់ ហើយបច្ចុប្បន្នយើងត្រូវជួបប្រទះការបំផ្លិចបំផ្លាញដដែលៗទូទាំងសាកលលោក។
វិបត្តិជំងឺកូវីត១៩ បានធ្វើឱ្យអ្នកមានសិទ្ធិស្វ័យសម្រេច និងគ្រប់គ្នាពាក់ព័ន្ធជាមួយសត្វ កំពុងស្ថិតនៅលើប្រសព្វគ្នា។ ឥឡូវនេះដល់ពេលដែលយើងត្រូវគិតឡើងវិញពីវិធីកែប្រែរបៀបដែលយើងត្រូវប្រព្រឹត្តចំពោះសត្វដើម្បីកាត់បន្ថយហានិភ័យចំពោះសុខភាពទាំងមនុស្ស និងសត្វ ហើយឈានទៅរកសុខុមាលភាពសត្វបានប្រសើរឡើង។
អនុវត្តឥឡូវនេះ ដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា ដែលអាចក្លាយជាជំងឺរាតត្បាតសាកលដ៏ខ្លាំងក្លានាពេលបន្ទាប់!.
បណ្ឌិត Karan Kukreja
ប្រធានគម្រោង បញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍លោក Karan បានកើត និងធំធាត់នៅប្រទេសថៃ។ លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ស៊ីដនី នៅឆ្នាំ២០០៨ ជាបសុពេទ្យពេញសិទ្ធិ និងបានបម្រើការងារបួនឆ្នាំជាពេទ្យសត្វឯកជនទូទៅ និងអ្នកជំនាញបសុពេទ្យនៅប្រទេសអូស្ត្រាលី។ នៅអាស៊ី លោកបានបម្រើការងារជាពេទ្យសត្វក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺសត្វឆ្លងដែននៅតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិន។ តាមរយៈនេះ លោក Karanបានបម្រើការងារនៅ World Animal Protection ក្នុងនាមជាអ្នករៀបចំយុទ្ធនាការបញ្ឈប់វិស័យជួញដូរប្រមាត់ខ្លាឃ្មុំនៅអាស៊ី។
លោក Karan បានចូលរួមបម្រើការងារនៅអង្គការ PAW PAWS ក្នុងឆ្នាំ២០១៩ ជាប្រធានគម្រោង ធ្វើការជាមួយក្រុមការងារស្នូលមួយដើម្បីអភិវឌ្ឍ និងរៀបចំយុទ្ធនាការអន្តរជាតិដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មាដ៏ឃោរឃៅក្នុងប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូណេស៊ី។
Source
[1] Wasik, B. R., Wit, E. D., Munster, V., Lloyd-Smith, J. O., Martinez-Sobrido, L., & Parrish, C. R. (2019). Onward transmission of viruses: how do viruses emerge to cause epidemics after spillover? Philosophical Transactions of the Royal Society B: Biological Sciences, 374(1782). doi: 10.1098/rstb.2019.0017
[2] Kuzmin, I. V., Bozick, B., Guagliardo, S. A., Kunkel, R., Shak, J. R., Tong, S., & Rupprecht, C. E. (2011). Bats, emerging infectious diseases, and the rabies paradigm revisited. Emerging Health Threats Journal, 4(1), 7159. doi: 10.3402/ehtj.v4i0.7159
[3] Fèvre, E. M., Bronsvoort, B. M. D. C., Hamilton, K. A., & Cleaveland, S. (2006). Animal movements and the spread of infectious diseases. Trends in Microbiology, 14(3), 125–131. doi: 10.1016/j.tim.2006.01.004
[4] Webster, R. G. (2004). Wet markets—a continuing source of severe acute respiratory syndrome and influenza? The Lancet, 363(9404), 234-236. https://www.thelancet.com/journals/lancet/article/PIIS0140-6736(03)15329-9/fulltext
[5] Wu, T., Perrings, C., Kinzig, A., Collins, J. P., Minteer, B. A., & Daszak, P. (2017). Economic growth, urbanization, globalization, and the risks of emerging infectious diseases in China: A review. Ambio, 46, 18-29. doi: 10.1007/s13280-016-0809-2