ដំណើរផ្លូវមួយពោរពេញដោយភាពព្រៃផ្សៃ
តាមរបាយការណ៍អ្នកស៊ើបអង្កេតសម្ងាត់របស់ FOUR PAWS
តាមរយៈសាច់រឿង និងការរៀបរាប់របស់សាក្សី ក៏ដូចជារបាយការណ៍ ស៊ើបអង្កេតរបស់យើង ពេលវេលាខាងក្រោមនេះ រៀបរាប់ឡើងវិញពីដំណើរផ្លូវដ៏គួរឲ្យរន្ធត់ដែលសត្វឆ្កែ និងឆ្មាបានជួបប្រទះនៅពេលពួកវាត្រូវបានគេយកទៅសម្លាប់ដើម្បីយកសាច់ជួញដូរ។
ដំណើរការនេះពោរពេញដោយភាពឃោរឃៅ និងព្រៃផ្សៃ ប៉ុន្តែយើងជឿថា ដើម្បីជួយបញ្ឈប់នូវជំនួញបែបនេះ យើងគ្រប់គ្នាគួរយល់ពីស្ថានភាពពិតជាក់ស្ដែង ដែលសត្វឆ្កែ និងឆ្មាទាំងនេះបានជួបប្រទះ។
*បម្រាម៖ រូបភាពមួយចំនួនខាងក្រោម អាចប៉ះពាល់រំខានចំពោះអ្នក។ សូមបញ្ជាក់ថា ដំណើរផ្លូវដ៏រន្ធត់នេះ នឹងធ្វើឱ្យអ្នកអានមួយចំនួនមានអារម្មណ៍តក់ស្លុត។ ប្រសិនបើអ្នកមិនចង់ឃើញទេ អ្នកអាចរំលងទៅដល់ផ្នែកចុងក្រោយតែម្ដង ដោយចុច ត្រង់នេះ ដើម្បីចាត់វិធានការបញ្ចប់ជំនួញដ៏ឃោរឃៅឥឡូវនេះ។
ការលួចទាក់/ការចាប់យកទៅ
ម្ចាស់សត្វបានប្រាប់យើងដោយអស់សង្ឃឹមថា ត្វចិញ្ចឹមរបស់ពួកគាត់ត្រូវគេលួចចាប់យកទៅក្នុងពេលយប់ស្ងាត់គ្មានមនុស្ស។ នៅពេលឡើង កគាត់រកសត្វចិញ្ចឹមរបស់ខ្លួនមិនឃើញដោយមិនដឹងថាពួកវាបាត់ទៅណាឡើយ។
យើងបានជួបម្ចាស់ដែលកំពុងតាមរកសត្វចិញ្ចឹមរបស់ខ្លួនដែលបាត់ នៅតាមផ្លូវ ដោយគិតថាពួកវាគ្រាន់តែដើរឆ្ងាយពីផ្ទះ ឬវង្វេងប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងចិត្តពួកគាត់ដឹងថា សត្វទាំងនោះច្បាស់ជាត្រូវគេចាប់យកទៅសម្លាប់ដើម្បីយកសាច់លក់បាត់ទៅហើយ ព្រោះរឿងនេះតែងកើតឡើងជាញឹកញាប់។
យើងបានសាកសួរអ្នកបម្រើការក្នុងហាងមួយកន្លែង។ គេបានប្រាប់យើងថា ពេលថ្ងៃ គាត់ឃើញឆ្កែឆ្មាដែលមានប្រឡៅកដើរចុះឡើង
ឬជួនកាលមានឆ្កែឆ្មាអនាថាដើររកចំណីស៊ីក្បែរហាងគាត់ ហើយសត្វទាំងនេះត្រូវគេទាក់តាមផ្លូវយកទៅដោយប្រើហិង្សាលើពួកវាផង។ ពួកចោរបានប្រើប្រាស់ក្រចាប់ដែកទាក់កពួកវា ហើយញាត់បញ្ចូលទ្រុងតូចៗខាងក្រោយម៉ូតូរបស់ពួកគេ។ បន្ទាប់មកពួកចោរទាំងនោះ ក៏ជិះចេញទៅយ៉ាងលឿន ដើម្បីកុំឱ្យគេតាមទាន់។
បើសិនជាអ្នកវិញតើមានអារម្មណ៍យ៉ាងណា ពេលដែលកំពុងតែសប្បាយ ក្នុងផ្ទះ ឬរត់លេងក្បែរភូមិសុខៗ ស្រាប់តែមានរបស់ធ្ងន់ម្យ៉ាងទាក់ជាប់នៅករបស់អ្នក ហើយត្រូវគេវាយ ចាប់ញាត់ចូលទៅក្នុងទ្រុង រួចយកចេញទៅពីកន្លែងដែល ធ្លាប់នៅរស់នៅ?
គេពុំសូវហ៊ានឃាត់ចាប់ពួកចោរទាំងនោះទេ ព្រោះខ្លាចការគំរាមកំហែងដោយអំពើហិង្សា និងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
ការដឹកជញ្ជូន
យើងបានធ្វើដំណើរកាត់រថយន្ត និងម៉ូតូដែលមានដឹកឆ្កែ និងឆ្មាជាច្រើនក្បាលក្នុងទ្រុងតូចៗ ដោយមានខ្សែចងជើង និងឃ្លុំមាត់ជាប់ ធ្វើឱ្យពួកវាមិនអាចមិនអាចរើបម្រះបានឡើយ។
អ្នកឱ្យការណ៍របស់យើងបានប្រាប់ថា សត្វទាំងនេះត្រូវគេដឹករាប់ម៉ោង ឬ រាប់សិបថ្ងៃពីខេត្តមួយទៅខេត្តមួយ ពេលខ្លះពីប្រទេសមួយទៅប្រទេសមួយ ហាលថ្ងៃ ដោយពុំមានអាហារស៊ី ឬទឹកផឹកឡើយ។
សត្វជាច្រើនងាប់តាមផ្លូវ ដោយសារតែស្ត្រេស របួស ហត់អស់កម្លាំង ក្ដៅខ្លាំង ឬត្រូវសង្កត់គាបជាប់ក្រោមទម្ងន់របស់សត្វដទៃទៀត។
គេពិបាកយកភ្នែកមើលរថយន្តបើកកាត់ដែលមានទ្រុងឆ្កែ និងឆ្មាបន្តុបលើគ្នាយ៉ាងច្រើនណាស់ ដោយសត្វទាំងនោះពិបាកដកដង្ហើម ស្រេកទឹក ឃ្លានអាហារ និងភ័យខ្លាច ហើយចង់ត្រឡប់ទៅជួបគ្រួសារ ឬសហគមន៍ពួកវាវិញ។
កន្លែងបង្ខាំងសត្វ
យើងបានទៅដល់កន្លែងបង្ខាំងសត្វ ដែលនៅទីនោះពេលខ្លះគេឃាំងទុកឆ្កែ និងឆ្មារាប់សប្ដាហ៍មុនពេលយកទៅសម្លាប់។ សត្វទាំងនេះត្រូវបានគេដាក់នៅក្នុងទ្រុង និងរណ្ដៅដ៏កខ្វក់ និងចង្អៀតនៅលើដី ដែលត្រូវនៅប្រជ្រៀតគ្នាស្ទើរតែគ្មានកន្លែងរើខ្លួន។
នៅទីតាំងមួយទៀត យើងបានឃើញគេយកទុយោបាញ់ទឹកទៅលើឆ្កែ។ មើលទៅពួកវាស្រេកទឹកយ៉ាងខ្លាំង ហើយបានព្យាយាមលិឍទឹកពីកម្រាលឥដ្ឋ ឬពីរោមរបស់សត្វឆ្កែដទៃទៀត។
សត្វឆ្កែទាំងនេះនៅប្រជ្រៀតគ្នា ដោយក្ដីភ័យខ្លាច។ នៅពេលដែលយើងដើរទៅកៀកនឹងទ្រុង ពួកវាមួយចំនួនងាកមករកយើង បក់កន្ទុយ ហាក់ចង់បានការសន្ដោសប្រណីពីមនុស្ស។ យើងតក់ស្លុតយ៉ាងខ្លាំង នៅពេលឃើញសភាពបែបនេះ ប្រសិនបើអាច យើងនឹងជួយពួកវាទាំងអស់ជាមិនខាន។
ការដឹកជញ្ជូនទៅកាន់ទីសត្តឃាត
យើងបានឃើញរថយន្តឈប់ ហើយកម្មករចាប់ចងសត្វឆ្កែទាំងនោះញាត់ចូលទៅក្នុងបាវ ឬទ្រុង និងបោះពួកវាទៅក្នុងរថយន្ត គរពីលើគ្នា។
គេបានប្រាប់យើងថា សត្វទាំងនេះនឹងត្រូវដឹកទៅកាន់ទីសត្តឃាតដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ និងត្រូវធ្វើដំណើររាប់សិបថ្ងៃ។
ការបង្ខំឱ្យស៊ីចំណី
នៅតាមផ្លូវនៅវៀតណាម ហាងលក់សាច់ឆ្កែជាច្រើននៅជាប់ៗគ្នា។ យើងបានឃើញអ្នកបម្រើការនៅតាមហាងទាំងនោះ ញាត់ទុយោជ័រទៅក្នុងមាត់ឆ្កែ បង្ខំឱ្យពួកវាស៊ីបាយ និងអាហារដែលនៅសេសសល់ ដើម្បីវាធាត់ មុនពេលយកទៅសម្លាប់យកសាច់។ ឆ្កែកាន់ធ្ងន់ សាច់លក់បានប្រាក់កាន់តែច្រើន។
ឃើញសត្វឆ្កែទទួលរងការឈឺចាប់បែបនេះ គឺជារឿងមួយដ៏សែនរន្ធត់។ គេប្រាប់យើងថា ពេលខ្លះការធ្វើបែបនេះបានធ្វើឱ្យឆ្កែងាប់ដោយសារតែធ្លាយក្រពះ។
តើអ្នកស្វែងយល់ច្បាស់អំពីជំនួញសត្វឆ្កែ និងឆ្មា ហើយឬនៅ? សូមចុចត្រង់នេះ ដើម្បីចាត់វិធានការបញ្ឈប់ការជួញដូរឥឡូវនេះ
ការសម្លាប់
យើងបានឃើញគេចាប់ឆ្កែបោះទៅក្នុងរណ្ដៅ ដែលពោរពេញទៅដោយទឹក ដ៏កខ្វក់ ហើយលង់ងាប់។ ឆ្កែខ្លះត្រូវបានគេដាក់ចូលក្នុងទ្រុង ហើយពន្លិចទៅក្នុងទឹក ឬយកខ្សែចងករបស់វារហូតដល់ថប់ដង្ហើមងាប់។ សត្វឆ្កែមួយចំនួនត្រូវគេច្រកបាវវាយរហូតដល់ងាប់ ឬត្រូវបានគេយកកាំបិតមកអារបំពង់កវា។ នៅតាមផ្សារ យើងថែមទាំងឃើញឆ្កែត្រូវគេរោលដោយប្រើឧបករណ៍បាញ់ភ្លើង និងឃើញឆ្មាត្រូវ គេបោះចូលទៅក្នុងទឹកក្ដៅកំពុងពុះ នៅពេលដែលពួកវានៅដឹងខ្លួននៅឡើយ។
ខណៈដែលយើងប្រមូលចងក្រងឯកសារពីរបៀបដែលសត្វទាំងនេះត្រូវគេសម្លាប់ យើងក៏ឃើញឆ្កែ និងឆ្មាដែលនៅរស់កំពុងក្រាញនៅក្នុងទ្រុង ព្រោះរង់ចាំដល់វេនរបស់ខ្លួន។ ពួកវាអាចមើលឃើញ ដឹងក្លិន និងឮអ្វីៗគ្រប់យ៉ាង ហើយពួកវាក៏ដឹងដែរថា វេនរបស់ពួកវានឹងមកដល់ឆាប់ៗនេះ។
កម្មករនៅទីសត្តឃាតបានប្រាប់យើងថា ពួកគេភាគច្រើនទទួលបានកម្រៃនិងបណ្ដុះបណ្ដាលតិចតួច។ ប្រសិនបើមានការបណ្ដុះបណ្ដាលត្រឹមត្រូវពីរបៀបសម្លាប់សត្វ ប្រហែលសត្វទាំងនោះមិនទទួលរងនូវការឈឺចាប់បែបនេះឡើយ។
ការរៀបចំចុងក្រោយ | ការកែច្នៃ
យើងឃើញសត្វដែលទើបសម្លាប់រួច ត្រូវគេយកទៅកែច្នៃនៅនឹងទីតាំងផ្ទាល់ ក៏ដូចជាក្រោយពេលបញ្ជូនទៅកាន់ហាងនានា។ សត្វដែលសម្លាប់រួចទាំងនេះ ត្រូវគេយកទៅបោះចូលក្នុងទឹកក្ដៅរហូតដល់ ស្បែករបស់វាឡើងទន់ទើបគេបោចរោមវាចេញ ឬម្យ៉ាងទៀតគេប្រើប្រាស់ឧបករណ៍បាញ់ភ្លើង មកដុតរោលរោមរបស់វា។ នៅមុខហាង យើងឃើញអ្នកលក់សាច់វះសត្វ ដើម្បីយកគ្រឿងក្នុង និងឆ្អឹង ទៅចម្អិនម្ហូប ហើយគេប្រាប់យើងថា ពេលខ្លះគ្រឿងក្នុង និងឆ្អឹងទាំងនេះ ត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាឱសថផងដែរ។
អ្វីដែលពិបាកជឿនោះគឺ បើទោះបីជាកម្មករទាំងនេះមើលឃើញផ្ទាល់ភ្នែកក៏ដោយ ក៏មួយថ្ងៃៗ ពួកគេសម្លាប់សត្វជាច្រើនក្បាល ដែលកត្តានេះធ្វើឱ្យពួកគេមិនញញើតចំពោះអ្វីដែលពួកគេកំពុងធ្វើ និងហានិភ័យដែលអាចកើតឡើងចំពោះពួកគេផ្ទាល ដែលធ្វើការងារក្នុងស្ថានភាពដ៏សែនកខ្វក់ និងគ្រោះថ្នាក់បែបនេះ។
ទាំងអស់នេះសម្រាប់តែអាហារមួយពេល | ការចម្អិន
យើងឃើញមនុស្សបរិភោគសាច់ឆ្កែ និងឆ្មា នៅតាមហាងជុំគ្នាជាមួយមិត្តភក្តិពួកគេក្រោយពេលចេញពីធ្វើការ។ សាច់ត្រូវគេចម្អិនជាម្ហូបបែបការី ឯគ្រឿងក្នុងត្រូវគេយកទៅចម្អិនធ្វើជាស៊ុប។ ជាទូទៅ សាច់ទាំងនេះត្រូវបានគេដុត អាំង ឬចំហុយ ហើយកាត់ជាដុំៗដើម្បីបរិភោគ។ យើងក៏បានឃើញចុងភៅចម្អិនអាហារដោយដាក់ឈាមសត្វដែលគេបានសម្លាប់ ផងដែរ។ មានអ្នកក្នុងស្រុកជាច្រើនដែលបរិភោគសាច់ទាំងនេះ ប៉ុន្តែក៏មានភ្ញៀវទេសចរមួយចំនួន បានសាកល្បងបរិភោគម្ហូបទាំងនេះជាលើកដំបូងផងដែរ។ អ្វីដែលធ្វើឲ្យយើងមានការងឿងឆ្ងល់នោះ គឺថាតើពួកគេទាំងនោះ បានដឹងដែរឬទេអំពីដំណើរផ្លូវដ៏សែនរន្ធត់ដែលសត្វទាំងនេះបានឆ្លងកាត់មុនពេលគេយកសាច់មកចម្អិនជាអាហារនេះ? តើពួកគេមានដឹងទេថា អ្វីដែលពួកគេកំពុងបរិភោគនេះ គឺជាសត្វចិញ្ចឹមគួរ ឱ្យស្រលាញ់របស់មនុស្សណាម្នាក់នោះ?