ហានិភ័យចំពោះសុខភាពជាសាកល
ទីផ្សារសត្វរស់ និងការជួញដូរ បង្កលក្ខខណ្ឌនៃការលេចឡើងនូវជំងឺកាចសាហាវ និងចម្លងទៅមនុស្ស
ការរាតត្បាតជំងឺកូវីដ-១៩ បានបង្កវិនាសកម្មយ៉ាងធំធេងនៅទូទាំងពិភពលោក ដោយមិនត្រឹមតែប៉ះពាល់ដល់សុខភាពជាសាកលនោះទេ ថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចជាមួយនឹងការបាត់បង់ការងារ ហើយជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ត្រូវបានគំរាមកំហែង។ ខណៈដែលពិភពលោកកំពុងតស៊ូទប់ទល់នឹងផលប៉ះពាល់នៃជំងឺនេះ ការពិចារណា និងស្វែងយល់ឱ្យច្បាស់ថាតើវាកើតឡើងពីដំបូងនៅឯណានោះពិតជាសំខាន់ណាស់ ដើម្បីមានវិធានការកាត់បន្ថយឱកាស កើតឡើងនូវជំងឺរាតត្បាតផ្សេងទៀតនាពេលអនាគត។
គេជឿថាជំងឺកូវីដ-១៩ មានប្រភពដំបូងចេញពីក្នុងទីផ្សារលក់សត្វរស់មួយកន្លែងនៅទីក្រុងវូហាន ប្រទេសចិន ដោយសារការចម្លងជំងឺពីសត្វមកមនុស្ស។ ការអះអាងនេះត្រូវបានទទួលស្គាល់ជាទូទៅថាបរិស្ថាននៅក្នុងទីផ្សារលក់សត្វរស់ផ្ដល់នូវលក្ខខណ្ឌដ៏សមស្របបំផុតដល់ការកកើតនូវភ្នាក់ងារចម្លងជំងឺពីសត្វមកមនុស្ស ហើយអ្នកឯកទេសខាងរោគវិទូ និងវីរុសសាស្ត្រជាច្រើន បានព្រមានអាជ្ញាធរអំពីបញ្ហាគ្រោះថ្នាក់ដល់សុខភាពសាធារណៈដោយសារហេតុផលទាំងនេះ។ ទំហំ និងវិនាសកម្មនៃការរាតត្បាតជំងឺកូវីដ-១៩ គឺមិនធ្លាប់មានពីមុនមក ហើយនេះមិនមែនទើបជាលើកទីមួយទេដែលជំងឺឆ្លងដ៏កាចសាហាវនានាកើតឡើងពាក់ព័ន្ធនឹងសកម្មភាពរបស់មនុស្សដែលនាំយកប្រភេទសត្វខុសគ្នា ពីប្រភពផ្សេងៗគ្នាមកដាក់ឱ្យនៅលាយឡំជិតគ្នានិងរួមទាំងមនុស្សផងដែរ។ ហេតុផលនេះធ្វើឱ្យមានការលើកឡើងជាសំណួរថា បើដឹងថាកត្តាបង្កហានិភ័យជំងឺឆ្លងពីសត្វមនុស្សមានកម្រិតខ្ពស់ហើយ តើហេតុអ្វីបានជាគេមិនចាត់វិធានការផ្សេងៗឱ្យបានឆាប់ដើម្បីដោះស្រាយបញ្ហាហានិភ័យដែលកើតឡើងពីការជួញដូរសត្វបែបនេះ?
ខណៈដែលថ្មីៗនេះការយកចិត្តទុកដាក់ផ្នែកគោលនយោបាយ និងមតិសាធារណៈអន្តរជាតិភាគច្រើនផ្តោតតែលើការជួញដូរ និងការលក់សត្វព្រៃ ប៉ុន្តែហានិភ័យដែលបណ្ដាលមកពីការជួញដូរសាច់ឆ្កែ និងឆ្មា (DCMT) ដោយខុសច្បាប់ និងគ្មានច្បាប់ទម្លាប់នោះហាក់នៅតែមិនទាន់អើពើនៅឡើយ។ នេះបើទោះបីជាមានភស្តុតាងជាច្រើនបង្ហាញថាការជួញដូរមិនត្រឹមតែជាភាពចម្រូងចម្រាសខ្លាំងឡើងនោះទេ ថែមទាំងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាព និងសុខុមាលភាពមនុស្ស និងសត្វទៀតផង។ ការជួញដូរនេះមានជាប់ពាក់ព័ន្ធដល់ឆ្កែ និងឆ្មារហូតដល់ទៅជាង ៣០លានក្បាលជារៀងរាល់ឆ្នាំនៅទូទាំងអាស៊ីដែលភាគច្រើនជាសត្វអនាថាត្រូវគេទាក់ចាប់នៅតាមដងផ្លូវ ឬសត្វចិញ្ចឹមដែលត្រូវបានលួចទៅ។ សត្វទាំងនេះច្រើនត្រូវគេយកទៅលក់នៅទីផ្សារដើម្បីសម្លាប់យកសាច់រួមជាមួយសត្វព្រៃផ្សេងទៀត។ ជាទូទៅនៅតាមទីផ្សារ ការជួញដូរច្រើនធ្វើឡើងដោយល្មើសនឹងច្បាប់ និងបទប្បញ្ញត្តិដែលមានស្រាប់ទាក់ទងនឹងការគ្រប់គ្រងជំងឺឆ្លង អនាម័យ ការដឹកជញ្ជូនឆ្លងដែន ការលួច និងសុខុមាលភាពសត្វ។
ទំហំពិតនៃហានិភ័យដោយសារការជួញដូរសាច់ឆ្កែ និងឆ្មាបង្កជាផលប៉ះពាល់ដល់សុខភាពសាធារណៈ និងសត្វ គឺពិបាកប៉ាន់ស្មានណាស់ ដោយសារតែបញ្ហាលក្ខណៈនៃទម្រង់ការជួញដូរផ្ទាល់ ការផ្គត់ផ្គង់សត្វដែលមិនស្គាល់ស្ថានភាពសុខភាព និងប្រភពច្បាស់លាស់ ក៏ដូចជាការប្រព្រឹត្តខុសច្បាប់ជាដើម។ យ៉ាងណាក៏មានភស្តុតាងយ៉ាងច្រើនដែលបញ្ជាក់ថាការជួញដូរបង្កហានិភ័យយ៉ាងខ្លាំងដល់សុខភាពពិភពលោក ហើយលើសពីនេះគឺហានិភ័យនៃជំងឺឆ្លងពីសត្វមកមនុស្សដែលបណ្ដាលមកពីការជួញដូរត្រូវបានមើលឃើញជាក់ស្ដែងផ្ទាល់ដូចជាជំងឺឆ្កែឆ្កួត និងអង់ត្រាក់ជាដើម។ ច្បាស់ណាស់ថាឆ្កែ និងឆ្មានៅក្នុងការជួញដូរជាបណ្ដុំប្រភពដើមចមដ៏ធំនៃការកកើត និងរីករាលដាលនៃភ្នាក់ងារបង្កជំងឺឆ្លងពីសត្វមកមនុស្សរួមទាំងវីរុសផ្សេងៗផងដែរដោយសារតែការព្យាបាលពួកវា។ ទោះបីជាមានការព្រមានពីអ្នកជំនាញល្បីៗផ្នែកសុខភាពមនុស្ស និងសត្វ អង្គការអន្តររដ្ឋាភិបាល និងអ្នកជំនាញខាងរោគ រាតត្បាតយ៉ាងណាក្ដី ក៏ទីផ្សារ និងការជួញដូរសត្វដ៏ច្រើនលើសលប់ទូទាំងអាស៊ីនៅតែបន្តបើកដំណើរការយ៉ាងធំដោយមិនមានការផ្លាស់ប្តូរឡើយ ហើយកំពុងផ្ដល់នូវលក្ខខណ្ឌដូចគ្នាទៅនឹងកន្លែងដែលជំងឹកូវីដ-១៩ បានកើតឡើង និងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនរាប់លាននាក់ជារៀងរាល់ថ្ងៃដោយសារតែជំងឺឆ្លងពីសត្វមកមនុស្សផ្សេងៗទៀត។
ការជួញដូរសត្វដែលប៉ះពាល់ដល់សុខភាព សុខុមាលភាព និងស្ថិរភាពជាតិនិងអន្តរជាតិ មិនត្រូវព្រងើយកន្តើយ ឬការពារដោយសារតែជាជម្រើសបុគ្គល ឬវប្បធម៌ផ្ទាល់ខ្លួនឡើយ។ ពេលនេះគឺជាពេលវេលាដ៏សំខាន់សម្រាប់បណ្ដាប្រទេសនានាជុំវិញពិភពលោកណែនាំ និងអនុវត្តគោលការណ៍ហាមឃាត់ចំពោះការចិញ្ចឹមទុកធ្វើអាជីវកម្ម ការចាប់ ការលក់ និងការសម្លាប់ឆ្កែ និងឆ្មា ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺរាតត្បាតនាពេលអនាគត ព្រមទាំងការពារសុខភាព និងសុខុមាលភាពមនុស្ស និងសត្វផងដែរ។
អានរបាយការណ៍ទាំងស្រុង នៅត្រង់នេះ៖
ការជួញដូរសាច់ឆ្កែ និងឆ្មា ជាហានិភ័យសុខភាពសាធារណៈដែលគ្មានការអើពើ
សត្វឆ្កែ និងឆ្មាជាច្រើនលានក្បាលត្រូវបានចាប់ ជួញដូរ និងសម្លាប់ សម្រាប់ជាអាហារបរិភោគជារៀងរាល់ឆ្នាំនៅទូទាំងបណ្ដាប្រទេសជាច្រើននៅអាស៊ី ហើយដោយសារការគំរាមកំហែងធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈដែលបង្កឡើងដោយសារការជួញដូរនេះ វាជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលជាតិ និងតំបន់ជុំវិញពិភពលោកដោយធ្វើយ៉ាងណា លុបបំបាត់នូវប្រភពនៃការផ្ទុះជំងឺរាតត្បាតនេះ។ គោលនយោបាយ និងការអនុវត្តណាដែលគាំទ្រដល់ការជួញដូរសាច់ឆ្កែ និងឆ្មា មិនគ្រាន់តែរារាំងចំពោះការប៉ុនប៉ងលុបបំបាត់ជំងឺឆ្កែឆ្កួតនោះទេ (ដោយសារតែការជួញដូរសាច់ឆ្កែ និងឆ្មា និងកម្មវិធីលុបបំបាត់ជំងឺឆ្កែឆ្កួត ជាបដិបក្ខនឹងគ្នា) ថែមទាំងនាំមកនូវហានិភ័យចំពោះសុខភាពសាធារណៈធ្ងន់ធ្ងរមិនអាចព្យាករបាន ហើយអាចឈានដល់ការផ្ទុះរីករាលដាល និងការរាតត្បាតនៃប្រភេទជំងឺឆ្លងពីសត្វមកមនុស្សក្នុងចំណោមចំនួនប្រជាជនជាច្រើន។
ផ្អែកតាមភស្តុតាងវិទ្យាសាស្រ្ត និងអនុសាសន៍ពីអ្នកជំនាញ យើងសូមស្នើជំរុញឱ្យរដ្ឋាភិបាលនៅទូទាំងតំបន់ដាក់ចេញនូវវិធានទប់ស្កាត់បន្ទាន់ដោយ៖
- ដាក់ចេញនូវច្បាប់ដែលមានវិសាលភាពទូលំទូលាយ ឬ បម្រាមចំពោះការជួញដូរសាច់ឆ្កែ និងឆ្មាគ្រប់រូបភាព រួមទាំងការចរាចរសត្វ ការលក់ ការសម្លាប់ និងការបរិភោគ។
- ធានាបាននូវការបិទទីផ្សារ ឬទីតាំងទាំងឡាយណាដែលមានការលក់ ឬការសម្លាប់សត្វឆ្កែ ឬឆ្មារស់។
- ដាក់ចេញនូវសេចក្តីថ្លែងការជាសាធារណៈទាក់ទិននឹងគ្រោះថ្នាក់ចំពោះសុខភាពសាធារណៈដោយសារការសម្លាប់ ឬបរិភោគសាច់ឆ្កែ ឬឆ្មា។
- ដាក់ចេញវិធានការតឹងរ៉ឹងដើម្បីធានាបាននូវការពង្រឹងអនុវត្ត ច្បាប់ បទប្បញ្ញត្តិ និងបទបញ្ជាផ្សេងៗ ដើម្បីបញ្ឈប់នូវការជួញដូរសាច់ឆ្កែ និងឆ្មា។
រឿងសំខាន់គឺរដ្ឋាភិបាលជុំវិញពិភពលោក ចាត់វិធានការដោះស្រាយនូវបញ្ហាប្រភពនៃភ្នាក់ងារជំងឺឆ្លងពីសត្វមកមនុស្សដ៏កាចសាហាវ ដូចក្នុងករណីជំងឺកូវីដ-១៩ កើតឡើងនៅក្នុងទីផ្សារលក់សត្វរស់ដែលមនុស្ស និងប្រភេទសត្វចម្រុះជាច្រើននៅលាយឡំជិតគ្នា ដើម្បីធានាថាផ្សារទាំងនោះមិនក្លាយជាចំណុចផ្តើមនៃជំងឺរាតត្បាតបន្ទាប់ទៀតឡើយ។