គ្រោះថ្នាក់នៃទីផ្សារលក់សត្វរស់
ការបិទទីផ្សារទាំងនេះដើម្បីការពារសុខុមាលភាពមនុស្ស និងសត្វ គឺចាំបាច់បំផុត
ដោយសារការផ្ទុះមេរោគកូរ៉ូណា បណ្ដាលឆ្លងរាលដាលទៅកាន់ប្រទេសជាច្រើនយ៉ាងឆាប់រហ័ស និងបានឆក់យកអាយុជីវិតមនុស្សកាន់តែច្រើនឡើងៗ យើងត្រូវតែចាត់វិធានការដើម្បីកាត់បន្ថយឱកាសរីករាលដាលនេះកុំឱ្យកើតឡើងម្ដងទៀត។
នៅចុងខែធ្នូ ឆ្នាំ២០១៩ ប្រទេសចិនបានរាយការណ៍ថាមានករណីជំងឺរលាកសួតថ្មីក្នុងទីក្រុងធំមួយឈ្មោះ វូហាន។ ប៉ុន្មានថ្ងៃក្រោយមក ផ្សារបោះដុំលក់គ្រឿងសមុទ្រមួយកន្លែងឈ្មោះ ហួណាន ក្នុងទីក្រុងវូហាន ត្រូវបានបិទ បន្ទាប់ពីរកឃើញករណីឆ្លងបានកើតឡើងនៅទីនោះ។ ជំងឺនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយគិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ នេះ ក្នុងប្រទេសចំនួន២៥ ដែលបានឆ្លងជំងឺនេះ មានមនុស្ស ៤២៥នាក់ បានបាត់បង់ជីវិត ហើយ តួលេខត្រូវបានបញ្ជាក់ថាមានអ្នកឆ្លងជាបន្តបន្ទាប់រហូតដល់ជាង២០.០០០នាក់។ មកដល់ពេលនេះ គ្មានអ្នកណាម្នាក់អាចនិយាយបានទេថាមានប៉ុន្មានប្រទេសទៀតដែលជំងឺឆ្លងនេះ មានមនុស្សប៉ុន្មាននាក់ទៀតនឹងត្រូវព្យាបាល ហើយមានមនុស្សប៉ុន្មាននាក់ទៀតបានបាត់បង់ជីវិត។
ផ្សារបោះដុំលក់គ្រឿងសមុទ្រ ហួណាន មិនមែនលក់តែគ្រឿងសមុទ្រនោះទេ ប៉ុន្តែទីនោះក៏មានលក់សត្វរស់រាប់រយប្រភេទផងដែរដូចជាអណ្ដើក ពស់ កណ្ដុរ អម្បូរឆ្មាព្រៃ ក៏ដូចជាមានការជួញដូរឆ្មា និងឆ្កែផងដែរ។ ខណៈប្រភព នៃជំងឺនេះមិនទាន់ដឹងជាក់លាក់ ប៉ុន្តែតាមការសន្និដ្ឋានថ្មីៗនេះបង្ហាញថាវីរុសនេះមានប្រភពមកពីសត្វមួយ ហើយបានឆ្លងដំបូងនៅក្នុងផ្សារនេះ។
នេះមិនមែនជាករណីដែលទើបកើតឡើងដំបូងនោះទេ។ ព្រឹត្តិការណ៍សំខាន់មួយនៅឆ្នាំ២០០៣-២០០៣ គឺការផ្ទុះឡើងនៃជំងឺសារស៍ ឬ SARS-Cov (Severe acute respiratory syndrome-related coronavirus) បានឆ្លងរាលដាលពីសត្វព្រៃដែលលក់នៅក្នុងផ្សារមួយ។ បន្ទាប់ពីផ្ទុះជំងឺនេះ និងការយល់ដឹងអំពីហានិភ័យផ្សេងៗនៃទីផ្សារលក់សត្វរស់ ប្រទេសចិន បានហាមឃាត់បិទផ្សារនានា ប៉ុន្តែយ៉ាងណាក៏ដោយក៏ផ្សារទាំងនោះត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញក្នុងរយៈពេលប្រាំមួយខែ។
ទីផ្សារសត្វរស់នៅតំបន់អាស៊ី បង្ហាញពីការគំរាមកំហែងនៃជំងឺធ្ងន់ធ្ងរ
ផ្សារមួយ ជាកន្លែងដែលអាចនាំឱ្យមានការនៅលាយឡំ និងប៉ះពាល់ផ្ទាល់រវាងមនុស្ស និងសត្វរាប់លានជារៀងរាល់ឆ្នាំ ហើយសត្វទាំងនេះនាំមកពី រាប់ពាន់កន្លែងផ្សេងៗគ្នាដែលគេមិនស្គាល់ប្រភពច្បាស់លាស់។ ផ្សារនានាដូចជា ផ្សារហួណាន ជាដើម មានលក់សត្វផ្សេងៗគ្រប់ប្រភេទដែលសត្វទាំងនោះមិនមែនមានតែនៅប្រទេសចិននោះទេ ពោលគឺឃើញមាននៅទូទាំងតំបន់អាស៊ីទាំងមូល។ ក្រៅពីហានិភ័យបង្កជំងឺ ផ្សារទាំងនេះ ក៏បង្ហាញឱ្យឃើញពីបញ្ហាសុខុមាលភាពសត្វយ៉ាងធ្ងន់ធ្ងរផងដែរ ដូចជាពួកសត្វទាំងនោះមើលឃើញគ្នាវាត្រូវគេចាប់ និងសម្លាប់យកសាច់យ៉ាងព្រៃផ្សៃ។
យើង និងដៃគូនានារបស់យើង បានឃើញ និងចងក្រងឯកសារអំពីស្ថានភាពស្រដៀងគ្នានេះដូចករណីដែលបានឃើញកើតឡើងនៅផ្សារបោះដុំគ្រឿងសមុទ្រ ហួណាន ដែលជាក់ស្ដែងមានលក់ដូរសត្វព្រៃ ឆ្មា និងឆ្កែគ្រប់ប្រភេទដូចគ្នានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដែរ។ ទីផ្សារទាំងនេះ ជាកន្លែងប្រភពនៃការកកើតវីរុសដ៏កាចសាហាវ និងជំងឺធ្ងន់ធ្ងរដទៃទៀត ព្រមទាំងជាប្រភពចម្លងជំងឺដល់មនុស្សផងដែរ។ ក្រៅពីហានិភ័យនៃជំងឺឆ្កែឆ្កួតបង្កឡើងតាមរយៈការជួញដូរសាច់ឆ្កែ និងឆ្មា ដែលត្រូវបានចងក្រងជាឯកសាររួចមកហើយ ព្រមទាំងបង្ហាញពីហានិភ័យដ៏គ្រោះថ្នាក់បំផុតចំពោះទាំងអ្នកនៅក្នុងផ្សារទាំងនេះ និងសាធារណជនទូទៅ ឥឡូវនេះយើងកំពុងមើលឃើញនូវហានិភ័យដ៏ខ្លាំងក្លាមួយទៀតពីវីរុសថ្មីៗទៀតដែលកើតឡើងនៅតាមទីផ្សារប្រភេទដូចគ្នានេះ។
ការផ្ទុះឡើងនេះ បង្ហាញបន្ថែមទៀតអំពីភាពឃោរឃៅព្រៃផ្សៃចំពោះសត្វ និងការធ្វេសប្រហែសពេលប៉ះពាល់សត្វ ដែលជាកត្តាជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធទៅនឹងការបង្កទុក្ខទោសដល់មនុស្ស។ ការចាប់ ការដឹកជញ្ជូន ការបង្ខាំង និងការសម្លាប់សត្វឆ្កែ និងឆ្មាដោយខុសច្បាប់នៅទូទាំងអាស៊ី គឺជាសុបិនដ៏អាក្រក់មួយចំពោះសុខភាពសាធារណៈដែលប្រុងនឹងកើតឡើង។
ប្រទេសចិន ថ្មីៗនេះបានចាត់វិធានការនានា ដើម្បីបញ្ឈប់រាល់ការជួញដូរសត្វព្រៃដើម្បីកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។ យ៉ាងណាវិធានការនេះ មិនអាចទប់ស្កាត់ការផ្ទុះឡើងនៃជំងឺស្រដៀងគ្នានេះបានទេនាពេលអនាគត ពោលគឺចាំបាច់ត្រូវតែបិទទីផ្សារលក់សត្វរស់ទាំងអស់ ពិសេសរួមទាំងឈ្មួញជួញដូរឆ្កែ និងឆ្មាដើម្បីយកសាច់លក់ផងដែរ។ តាមរយៈជំហាននេះ រដ្ឋាភិបាលនានាមិនត្រឹមតែត្រូវចាត់វិធានការច្បាស់លាស់ដើម្បីការពារពលរដ្ឋរបស់ខ្លួន និងសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងត្រូវបោះជំហានយ៉ាងធំឆ្ពោះទៅរកការកសាងពិភពលោកដែលល្អសម្រាប់យើងទាំងអស់គ្នា។
យើងមិនទាន់បានចាត់វិធានការតឹងរ៉ឹងគ្រប់គ្រាន់ និងប្រកបដោយនិរន្តរភាពនៅឡើយទេបន្ទាប់ពីមានជំងឺ សារស៍ (SARS-CoV) ហើយឥឡូវនេះពិភពលោកកំពុងតែចំណាយអស់យ៉ាងច្រើន។
សិក្សាពីមេរៀនយើងធ្លាប់ឆ្លងកាត់ឥឡូវនេះ
បញ្ឈប់ទីផ្សារលក់សត្វរស់ បញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា #ProtectMillions
បណ្ឌិត Karan Kukreja
ប្រធានគម្រោង បញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍លោក Karan បានកើត និងធំធាត់នៅប្រទេសថៃ។ លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ស៊ីដនី នៅឆ្នាំ២០០៨ ជាបសុពេទ្យពេញសិទ្ធិ និងបានបម្រើការងារបួនឆ្នាំជាពេទ្យសត្វឯកជនទូទៅ និងអ្នកជំនាញបសុពេទ្យនៅប្រទេសអូស្ត្រាលី។ នៅអាស៊ី លោកបានបម្រើការងារជាពេទ្យសត្វក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺសត្វឆ្លងដែននៅតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិន។ តាមរយៈនេះ លោក Karanបានបម្រើការងារនៅ World Animal Protection ក្នុងនាមជាអ្នករៀបចំយុទ្ធនាការបញ្ឈប់វិស័យជួញដូរប្រមាត់ខ្លាឃ្មុំនៅអាស៊ី។
លោក Karan បានចូលរួមបម្រើការងារនៅអង្គការ PAW PAWS ក្នុងឆ្នាំ២០១៩ ជាប្រធានគម្រោង ធ្វើការជាមួយក្រុមការងារស្នូលមួយដើម្បីអភិវឌ្ឍ និងរៀបចំយុទ្ធនាការអន្តរជាតិដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មាដ៏ឃោរឃៅក្នុងប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូណេស៊ី។